សេចក្តីអធិប្បាយនិងសុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា,ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល,ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស,ថ្នាក់ដឹកនាំ មន្រ្តីរាជការជាប្រតិភូអប់រំ យុវជននិងកីឡា រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ,សមាជិក សមាជិកាក្នុងអង្គពិធីទាំងមូលនៅព្រឹកនេះ ជាទីស្រលាញ់រាប់អាន [សេចក្តីអធិប្បាយ ១] (១) សមត្ថភាពនិងការខិតខំ នៃកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ បែប “សាលាជំនាន់ថ្មី” ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដែលបានចូលរួមទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភនៃការកែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដែលត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យា នាឱកាសនេះ។ មុននេះ ខ្ញុំបានដើរទស្សនាលទ្ធផលនិងស្នាដៃសិស្សានុសិស្ស ក៏ដូចជាគ្រូរបស់យើងនៃសាលាជំនាន់ថ្មី។ ខ្ញុំសូមសរសើរសមត្ថភាពនិងការខិតខំប្រឹងប្រែងច្នៃប្រឌិត របស់ក្រសួងអប់រំក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ។ ទោះបីយើងមិនទាន់បានអនុវត្តនៅគ្រប់សាលាក៏ដោយ យ៉ាងហោចណាស់ លទ្ធផលនៃសាលាជំនាន់ថ្មីនេះ ក៏បានបញ្ជាក់ពីលទ្ធភាពនៃកំណែទម្រង់ ព្រោះអ្វីដែលបានសរសេរលើក្រដាសជារឿងមួយ ប៉ុន្តែអ្វីដែលសម្រេចលទ្ធផលជាក់ស្ដែងក្រោយពីយកផែនការគោលគំនិតនៅលើក្រដាសទៅអនុវត្តន៍ បានលទ្ធផលយ៉ាងម៉េច ប៉ុន្មានឆ្នាំក្រោយ (វាជារឿងមួយទៀត)។ (២) ការចងក្រងសៀវភៅ បង្កើតជាទំលាប់និងគំនិតសិក្សាស្រាវជ្រាវ…