សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ប្រធានមហាសន្និបាត ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាបឋម, ខ្ញុំសូមអបអរសាទរ ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ក្នុងឱកាសដែលឯកឧត្តម ជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការពិភាក្សាក្រោមមូលបទ “ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសុខសន្តិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា» គឺសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំដ៏ឧត្ដុង្គឧត្តមនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកទាំងអស់ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន…