សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបើក «វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី ២»
លោក ហ្វ្រង់ស័រ កូប៊ីន (François Corbin) អនុប្រធានចលនាសហគ្រាសបារាំង (MEDEF) និងជាតំណាងពិសេសរបស់រដ្ឋមន្ត្រីបារាំង សម្រាប់កិច្ចការអឺរ៉ុប និងការបរទេសទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអាស៊ាន! លោក ស៊ីរីល ចីរ៉ូត (Cyril Girot) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង-កម្ពុជា! អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា! ឯកឧត្តម លោកជំទាវ លោក លោកស្រី! (ថ្លែងស្វាគមន៍ភ្ញៀវចូលរួម ជាភាសាបារាំង) ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេក ដែលបានចូលរួមជាអធិបតីក្នុង «វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២» នៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាងប្រចំានៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ជាលើកទី២។ ខ្ញុំក៏សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់វេទិកានាថ្ងៃនេះ ដែលជាកាលានុវត្តដ៏វិសេសវិសាល ក្នុងការពង្រឹងចំណងមិត្តភាព និងស្វែងរកសក្តានុពលដ៏ធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិរបស់យើង។ វេទិកាធុរកិច្ចបារាំង-កម្ពុជា…