សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល បងប្អូនសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកនិងកាណាដា

សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន សមាគមខ្មែររបស់យើងដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាទាំងអស់! (១) ការជួបជុំអ៊ំពូមីងបងប្អូនពីសហរដ្ឋអាមេរិកនិងកាណាដាបង្ហាញស្មារតីសាមគ្គីមហាគ្រួសារខ្មែរ  ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបលោកអ៊ំ ពូមីង បងប្អូន ទាំងអស់នៅទីនេះ។ តាមពិតគ្រាន់តែឃើញមេក្រូ​ចង់ភ័យទៅហើយ។ រាល់ដង (ពេល)រៀបចំកម្មវិធី(ដូចនេះ) ខ្ញុំនៅតែក្រោយទេ ព្រោះរៀបចំកម្មវិធីសម្រាប់ពុក សម្ដេចតេជោ។ ថ្ងៃនេះឡើងមកខ្លួនឯង ហើយទល់មុខជាង ២ ពាន់នាក់ … សូមអរគុណទី ១ ដល់ក្រុមការងាររៀបចំ គឺអង្គការចាត់តាំងយុវជននៅក្រៅប្រទេស នៅអាមេរិក នៅកាណាដា ឯកឧត្តម ឯកអគ្គរាជទូត​ ក៏ដូចជាថ្នាក់ដឹកនាំអង្គការចាត់តាំងនៅតាមបណ្ដាតំបន់ រដ្ឋនៅកាណាដា ក៏ដូចជាអាមេរិក … អរគុណលោកអ៊ំ ពូមីង បងប្អូន ដែលឆ្លៀតឱកាស​ធ្វើដំណើរពីឆ្ងាយមក។ អម្បាញ់មិញលឺថាមកតាំងពី អាឡាស្កា តាំងពីអីៗ មិនមែនដូចយើងពីរតនៈគិរី-ភ្នំពេញតែ ៧ ម៉ោង ទេ គឺឆ្ងាយណាស់។ (អ៊ំពូមីងបងប្អូន)ខំធ្វើដំណើររាប់ពាន់គីឡូមកជួបជុំគ្នានៅទីនេះ បង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរតែមួយ មហាសាមគ្គីគ្រួសារខ្មែរ ដែលខ្ញុំអរគុណណាស់(ចំពោះ)ការលើកទឹកចិត្តនេះ។ (២)…