សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជាឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្ស ដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ និងសមិទ្ធផលនានា ក្នុងបរិវេណក្រសួងមហាផ្ទៃដ៏អធឹកអធមនេះ។ រាជរដ្ឋាភិបាល មន្ដ្រីការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ពិតជាមានមោទនភាពចំពោះអគារថ្មីនៃទីស្ដីការថ្មីក្រសួងមហាផ្ទៃ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលការបំពេញការងាររបស់មន្ដ្រីរាជការនៃក្រសួងមហាផ្ទៃ ទាំងផ្នែកស៊ីវិល ទាំងមន្ដ្រីនគរបាលជាតិ។ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងមហាផ្ទៃ ដែលបានសម្រេចបានដោយជោគជ័យនូវសំណង់អគារដ៏វិចិត្រនេះ ស្របតាមលំនាំស្ថាបត្យកម្មតាមបែបខ្មែរបុរាណផង និងតាមបែបខ្មែរទំនើបផង។ [ចាប់ផ្ដើមសេចក្តីអធិប្បាយ១] តាមរបាយការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ខ្ញុំសូមកោតសរសើរដល់ក្រុមសំណង់ក៏ដូចជាស្ថាបត្យករទាំងអស់ដែលបានខិតខំនៅក្នុង ២០ខែដែលយើងសម្រេចបាននូវការសាងសង់សំណង់ដ៏ធំមួយនេះ។ បើតាមដើរកាត់អម្បាញ់មិញនិងក៏ដូចជារបាយការណ៍…