សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ និងផ្សព្វផ្សាយយុទ្ធនាការលើកទី៩
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម អគ្គរដ្ឋទូត អគ្គរាជទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍនិងអង្គសមាជទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុង “ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ “ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។ ខ្ញុំជឿជាក់ថារយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ពិតជាបានចូលរួមចំណែកពិភាក្សាផ្លាស់ប្ដូរយោបល់និងឯកភាពគ្នាលើទិសដៅនានា បង្កើតជាលទ្ធផលផ្លែផ្កា ដើម្បីមានទស្សនវិស័យច្បាស់លាស់ក្នុងការចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីប្រទេសកម្ពុជា។ សន្និបាតប្រចាំឆ្នាំនៅពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលជាឱកាសប្រមូលផ្ដុំស្ថាប័ន ពាក់ព័ន្ធទាំងអស់, ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសម្រេចបាននាពេលកន្លងទៅ, ក៏ជាវេទិការដ៏សំខាន់មួយក្នុងការស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីមានដំណោះស្រាយនិងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តពេលអនាគត ធ្វើយ៉ាងណាឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃស្ថានភាពនយោបាយសង្គមនិងសេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់និងលើសកលលោក។ ខ្ញុំសូមយកឱកាសនេះ លើកកំពស់រំលឹកជូនអង្គពិធីទាំងមូលនូវអនុសាសន៍ផ្តាំផ្ញើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់…