សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ ឆ្នាំ ២០២៤
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះរាជាគណៈ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ។ [ផ្ដើមសេចក្តីអធិប្បាយ១] កាលពីពីរថ្ងៃមុន សម្ដេចតេជោក៏បានចូលរួមនៅក្នុងពិធីបើក។ ខ្ញុំក៏បានមើល។ ពេលនោះ គាត់មានប្រសាសន៍មួយម៉ាត់ ដែលខ្ញុំចាប់អារម្មណ៍។ គាត់ថា រូបខ្ញុំដែលនៅក្មេងឲ្យទៅចែកសញ្ញាបត្រ ជួបនិស្សិត ដល់តែសម្ដេចតេជោមានអាយុច្រើន មកចូលរួមកម្មវិធីព្រះសង្ឃ។ តែខ្ញុំចាំ សម្ដេចតេជោបានចាត់ឲ្យខ្ញុំទៅកម្មវិធីព្រះសង្ឃតាំងពីអាយុ ៣០ជាងនោះ ព្រោះកាលមុនលោកទៅជួបតែនិស្សិត កម្មករ/ការិនី ឯខ្ញុំទៅសម្ពោធវត្តរហូត។ អញ្ចឹងបានកាលមុន ចេះតែនិយាយគ្នាលេង គាត់បានស្នាមក្រែមជាប់ថ្ពាល់ ខ្ញុំបានស្នាមស្លាជាប់ផ្ពាល់។ [ចប់សេចក្តីអធិប្បាយ១] អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់គណៈ-សង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់…