សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូចនិងមធ្យម ឆ្នាំ២០២៦-២០៣០”

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងជនរួមជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលជាវឌ្ឍនភាពថ្មីមួយទៀត នៅក្នុងដំណើរនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការបោះជំហានទៅមុខប្រកប ដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសមាគមធុរកិច្ចទាំងអស់ ដែលបានចូលរួមផ្តល់ធាតុចូល និងសហការរៀបចំយុទ្ធសាស្រ្តជាតិនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រាកដនិយម និងអាចអនុវត្តទៅបាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាការពិត សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»…