សុន្ទរកថា(ចម្លងតាមសម្លេង) របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើក “«មហាសន្និបាតលើកទី ៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក”» ក្រោមប្រធានបទ “«ស្រមៃមើលឱកាស”»
លោកស្រី Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Chempaka Emalin Pahamin លោកស្រី Ching Ching Wee-ong លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGs) ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏មហាឱឡារិកនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅជូនលោកស្រីបណ្ឌិត Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគណៈប្រតិភូមិត្តកាយឫទ្ធិនារីគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមាននៅក្នុងអង្គពិធីនេះ។ ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគមនៅក្រោមម្លប់នៃសុខសន្ដិភាព…