សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ឯកឧត្តម សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិនៃជនពិការនិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក្រុមអត្តពលិកនិងបងប្អូនជនពិការ និងបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិជាទីស្រលាញ់ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សដែលបានចូលរួមអបអរសាទរ ​ជាមួយបងប្អូន ពិការភាពទាំងអស់ នៅក្នុងពិធី «សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា » ប្រកបដោយបរិយាកាសរីករាយ នាពេលនេះ ។ នេះ ជាសមិទ្ធផល​ប្រវត្តិសាស្ត្រពុំធ្លាប់មាននៅលើទឹកដីកម្ពុជាកន្លងមក, ដែលកើតចេញពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់បងប្អូនមានពិការភាព ក្នុងរយៈពេល ២៧ ឆ្នាំ និង ការចូលរួមផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមពាំនាំនូវក្តីនឹករឭក និង ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចទំាងពីរ ផ្ញើជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមានពិការភាពទាំងអស់នៅទីនេះនៅក្នុងស្មារតីនៃការស្រលាញ់យកចិត្តទុកដាក់ជូនដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសផងដែរ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម យី វាសនា, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនមានពិការភាព, អាណាព្យាបាល និង បុគ្គលិក ទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន…