សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន នៃបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសក្នុងតំបន់; សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនទាំងអស់និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១», ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និង ដៃគូអភិវឌ្ឍន៍របស់កម្ពុជា ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះអរគុណឯកឧត្តមរដ្ឋមន្រ្តី និងតំណាងក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ។ វត្តមានរបស់ ឯកឧត្តម និងតំណាងទាំងអស់ក៏ដូចជាការចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនឹងធ្វើឱ្យពិព័រណ៍នេះកាន់តែមានភាពអធិកអធម, អត្ថន័យកាន់តែជ្រាលជ្រៅ និងពោរពេញទៅដោយចំណេះដឹង។ ផ្អែកលើរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍…