សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ជាប់និទ្ទេសA  និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងគ្រឹះស្ថានសិក្សានានា មាតាបិតា អាណាព្យាបាល និង ក្មួយៗសិស្សជាប់និទ្ទេស A ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សជាប់និទ្ទេស A ទាំង ៣ ០២០ នាក់ ដែលជំនួបលើកនេះ គឺជាជំនួបលើកទី១១, បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៣ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី ខេត្ត និង អ្នកពាក់ព័ន្ធ…