សន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង»

– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;– គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត– អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាទឹកដីដ៏ស្រស់ត្រកាល ប្រកបដោយព្រៃភ្នំជ្រលងគិរីបុព្វតា, វប្បធម៌ដ៏សម្បូរបែប ជាពិសេស ជាចំណុចប្រសព្វនៃទន្លេ មេគង្គ សេកុង សេសាន និងស្រែពក នាពេលនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញ ភ្ញាក់ដែរ (ត្បិត)បានឈ្មោះថ្មីគឺ “សប្បុរសជនលាក់មុខ”។ ដល់ពេលបង្ហើបមកចេញមួយឈុតធំតែម្ដង នៅមុខមនុស្ស ៥០០០នាក់។ អរគុណ។ អម្បាញ់មិញ ក៏បានជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ហើយគរុសិស្សនៅសាលាភូមិភាគសុខាភិបាល និងមានឆ្មបច្រើន។ ត្រូវហើយខេត្តនៅភូមិភាគឦសាននេះ ត្រូវការកូនឱ្យកាន់តែច្រើន ព្រោះយើងមានគម្លាតជាមួយអ្នកខេត្ត/ក្រុង​ផ្សេងៗទៀត។ យើងនៅតិច ហើយដីធំ។ អញ្ចឹង យើងត្រូវការ(កំណើនប្រជាពលរដ្ឋ)។ បានជួបជាមួយក្មួយៗ(សិស្សានុសិស្ស) ដែលអម្បាញ់មិញមានម្នាក់ទើបប្រឡងបាក់ឌុប្លិ៍រួច។ សូមអបអរសាទរដែលបានបញ្ចប់ការប្រឡងពីរថ្ងៃ។ ខ្ញុំតាមមើលហ្វេសប៊ុកដែរ។…