សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មី ជំហានទី ១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ិស៊ិបាស៊ី វីនតារ៉ូ (ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន, ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា,ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់, [សេចក្តីអធិប្បាយ] (១) សង់ផែកុងតៃន័រទឹកជ្រៅថ្មី និងដាក់ឱ្យប្រើប្រាស់គ្រឿងចក្រ ដើម្បីពង្រីកសមត្ថភាពនិងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ថ្ងៃនេះ ជាកិត្តិយសដែលខ្ញុំបានមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅ ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង។ សូមថ្លែងអំណរគុណដល់ ឯកឧត្តមអនុរដ្ឋមន្ត្រី អ៊ិស៊ិបាស៊ិ វីនតារ៉ូ និងគណៈប្រតិភូជប៉ុន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកយាយ លោកតា អ៊ំពូមីង បងប្អូន ជាពិសេសមន្ត្រី និយោជិត កម្មករ-កម្មការិនីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់។ កាលពីថ្ងៃទី១ ឧសភា ដែលជាទិវា(ពលកម្មអន្តរជាតិ)ជាប្រចាំរាល់ឆ្នាំ សម្តេចបានជួបសំណេះសំណាលជាមួយបងប្អូននៅទីនេះមិនដែលខាន។ បើតាមខ្ញុំចាំគឺសឹងតែរាល់ឆ្នាំ…