សេចក្តីដកស្រង់ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវនិងស្បៀង ជូនប្រ​ជា​​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

អរគុណឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំពោះរបាយការណ៍។ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ធិបតី ដែលបានចូលរួមថ្ងៃនេះពិសេសលោក អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកចូលរួមសំណេះសំណាល និងការរៀបចំ(ផ្ដល់)នូវជំនួយមួយចំនួន ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់! (១) មួយឆ្នាំ មកពោធិ៍សាត់ ៣ដង៖ សម្ពោធការតភ្ជាប់ កសាងបន្ថែម និងសង្គ្រោះ ក្នុងមួយឆ្នាំនេះ ខ្ញុំមកពោធិ៍សាត់បីដងហើយ។ ពីរដងមុនគឺមកសម្ពោធសមិទ្ធផល សម្ពោធសាលារៀននៅវាលវែង ហើយថ្ងៃមុនសម្ពោធផ្លូវជាតិលេខ១០។ ថ្ងៃនេះ មកជួបប្រជាពលរដ្ឋដើម្បីដោះស្រាយការប៉ះពាល់ដោយ​សារ​ទឹកជំនន់។ ករណីពោធិ៍សាត់ មិនមែនតែទឹកជំនន់ទាំងអស់ទេ។ អម្បាញ់មិញនៅបាកាននៅអីហ្នឹង មុននឹងទឹកមកដល់ច្រើនហួស ក៏មានការខ្វះទឹក ការរាំងស្ងួត … (ដែលនាំឱ្យមានអន្តរាគមន៍ដល់)ការគ្រប់គ្រងប្រព័ន្ធទឹកនិងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ការសម្ពោធមកបីដងនេះ គឺមកកសាងសាលារៀនបន្ថែម មកសម្ពោធផ្លូវដែលតភ្ជាប់ពីកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ដើម្បីទាញផលមកអ្នកពោធិ៍សាត់ផង។ ប៉ុន្តែ ពេលដែលលំបាកក៏មកទៀត។ យើងនៅជាមួយគ្នាទាំងស្រួលទាំងសប្បាយ។ ពេលលំបាកក៏នៅជាមួយគ្នា។ ហ្នឹងដូចប្ដីប្រ​ពន្ធអញ្ចឹង,​ លោកតាលោកយាយ អ៊ំ ពូមីង។ (២)…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត  វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់​ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំង​ឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិត​ការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣​។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦%…