សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ សមាគមបុគ្គលិកសិក្សា តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងបងប្អូនសហជីព កម្មករទាំងអស់ និងជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនកម្មករ-កម្មការិនី សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដែលបានចូលរួមចំនួនជាង ៥ ១០០ នាក់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករ និយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ក៏ជាខួប ១៤ឆ្នាំ ដែលខ្ញុំបានចាប់ផ្ដើមជួបជាមួយសហជីព។…