សារលើហ្វេសប៊ុក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ/ការិនី សម្រាប់ឆ្នាំ២០២៧
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ខ្ញុំបានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានឯកភាពរក្សា “ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ” ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ។ ដូច្នេះ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។ ខ្ញុំសូមអរគុណដល់សមាជិក នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំប្រជុំពិភាក្សាគ្នាប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីរួម គឺគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផង ភាពប្រកួតប្រជែងរបស់ជាតិផង…

