សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦ គីឡូម៉ែត្រ

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;លោក សុង ហៃលាង (Song Hailiang) ប្រធានក្រុមហ៊ុន China Conmmunications Contruction Company (CCCC) និង China Communications Construction Group (CCCG);គណៈធិបតី ភ្ញៀវកិត្តិយស ដៃគូវិនិយោគ និងអង្គពិធីទាំងមូលជាទីមេត្រី! [ចាប់ផ្តើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលត្រឡប់មកក្នុងខេត្តតាកែវក្នុងកម្មវិធីជាប្រវត្តិសាស្ត្រមួយនេះ«បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២»។ ខានមកមកតាកែវមួយរយៈ អ្វីដែលសំខាន់គឺមានភាពប្រែប្រួលតែខ្ញុំទេ។ អាយុច្រើន និងសក់ស។ អ្វីដែលមិនប្រែប្រួលគឺភាពរួស​រាយរាក់ទាក់ និងភាពកក់ក្ដៅរបស់អ្នកតាកែវ។ ទោះបីជាសក់ខ្ញុំស ក៏អត់មានអ្នកហៅខ្ញុំតា ហៅត្រឹមអ៊ំ។ អ៊ំស្រីម្នាក់ជូនពរខ្ញុំអោយបានអាយុ១២០។ ខ្ញុំសូមជូនពរទាំងអស់គ្នាអោយរស់បានអាយុដល់១២០។ មានប្អូនប្រុសម្នាក់ស្នើសុំខ្ញុំ(នូវអ្វី)ដែលខ្ញុំមិនអាចអោយបាន គឺជូនពរគាត់អោយបានកូនមួយទៀត។ ខ្ញុំថាសុំខុសមនុស្សហើយ…