សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា
ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំកម្ពុជា ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គណៈធិបតី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលត្រូវបានសហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៤ និងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងផលិតករក្នុងស្រុកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ពិធីជួបជុំនេះពិតជាមានសារៈសំខាន់ ដោយបានទាក់ទាញតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ចូលរួមប្រមាណជិត ២ ៥០០ នាក់ ដែលមកពី ២៥ រាជធានី-ខេត្ត។…