សេចក្ដីថ្លែងការណ៍ពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ស្ដីពី ”សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ជាទីសក្ការៈបងប្អូនជនរួមជាតិជាទីស្នេហា! ថ្ងៃនេះ​  ជាគម្រប់ខួបមួយឆ្នាំ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានចាប់បដិសន្ធិជាផ្លូវការ។  ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរព្រះគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហរទ័យ តែងតាំងរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន ​បានយ៉ាងល្អប្រសើរ ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល១២ខែកន្លងទៅនេះ។​ ចាប់តំាងពីថ្ងៃដំបូង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តកសាងសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ នូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល១២ខែកន្លងមកនេះ ក៏ដូចជាវិធានការ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុងស្រុក…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤ ក្រសួងធនធានទឹកនិងឧតុនិយម

ឯកឧត្ដម លោកជំទាវ សមាជិក/ជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក/ជិការដ្ឋាភិបាល ឯកឧត្ដម ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំនៅកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤» របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា  និង អាជ្ញាធរ​ទន្លេសាប ។ អង្គសន្និបាតនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសម្រេចបាន និង កំណត់ទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្រោយពីបានជួបជុំពិភាក្សា ពិនិត្យ និងផ្លាស់ប្ដូរមតិយោបល់តាមជំនាញ និងបទពិសោធ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងរយៈពេល ២ ថ្ងៃ មកនេះ ដែលជាធាតុចូលយ៉ាងសំខាន់ សម្រាប់​លើក​ទិស​ដៅអភិវឌ្ឍវិស័យ​ធនធានទឹក និងឧតុនិយម​នៅកម្ពុជា។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ខ្ញុំសូមអបអរសាទរ និងកោតសរសើរ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត  វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់​ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំង​ឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិត​ការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣​។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦%…