សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ច្រៀបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?

បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតាភាគី។ ហើយគេតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យច្រៀបដូចចោរលួចសេះទៅវិញ។ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?