សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

“អរគុណសន្តិភាព ​អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសឯក​និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ” ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល​;ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង (VILAY LAKHAM PHONG) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ;ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា;គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ​និង​ អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ជាឱកាសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលយើងទាំងអស់គ្នាបានជួបជុំគ្នាប្រកបដោយមោទនភាព ដើម្បីប្រារព្ធ «ខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃបង្កើតកងកម្លំាងនគរ​បាល–ជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥» ដែលជាអង្គប្រតិបត្តិច្បាប់ពោរ-ពេញទៅ​​​ដោយ​ពលានុភាព។​ ខ្ញុំពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានចូលរួមជាអធិបតីក្នុងពិធីដ៏មហោឡារិកនេះ ដើម្បីឧទ្ទិសដល់ស្ថាប័ន និង កងកម្លាំងមួយដែលជាបង្គោល និង ជាខែលរឹងមាំក្នុងការការពារសន្តិសុខ, សណ្ដាប់ធ្នាប់សាធារណៈ…