សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
ឯកឧត្តម លោកជំទាវ; គណៈប្រតិភូកិត្តិយសទាំងអស់ អង្គពិធីជាទីមេត្រី ! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ក្នុងការស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុង សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) និងមជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ និងសន្តិសុខចម្រុះឡានឆាង-មេគង្គ (LMLECC) ដែលបានសហការឧបត្ថម្ភក្នុងការរៀបចំកិច្ចប្រជុំនេះ។ យើងជួបជុំគ្នានាថ្ងៃនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងរួមគ្នាប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញបំផុតមួយ នៃយុគសម័យឌីជីថលរបស់យើង។ ភាពជាអ្នកដឹកនាំពិតប្រាកដ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យយើងប្រឈមមុខនឹងបញ្ហាប្រឈមបន្ទាន់នានា ប្រកបដោយភាពច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់។ ការប្រឈមមុខនឹងឧក្រិដ្ឋកម្ម ឆ្លងដែន ដែលកំពុងលេចឡើងថ្មីនេះ ទាមទារឱ្យមានភាពក្លាហាន ក្នុងការទទួលយកការពិតដ៏លំបាកនេះដោយផ្ទាល់, ការទទួលស្គាល់ចំណុចខ្សោយជាប្រព័ន្ធ និងការដោះស្រាយបញ្ហាស្មុគស្មាញនានា ដោយគ្មានការស្ទាក់ស្ទើរ ឬការយោគយល់ឡើយ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី! បុព្វបុរសខ្មែរបានសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយបានបន្សល់ទុកនូវអរិយធម៌ដ៏រុងរឿង និងមរតកដ៏យូរអង្វែងដល់មនុស្សជាតិ។…

