សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការ “ដើម្បីភាពញញឹមនៃកុមារ (PSE)” និងប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ និងមោទនភាពក្រៃលែង ដែលបានមកចូលរួមជាគណៈអធិបតីក្នុង «ពិធីអបអរខួបទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ ឬហៅកាត់ថា PSE និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភី» នាវេលាដ៏វិសេសវិសាលនេះ។ កម្មវិធីនេះមិនត្រឹមតែជាការរំឮកដល់ដំណើរដ៏វែងឆ្ងាយរយៈពេលបីទសវត្សរ៍របស់ PSE ប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃការផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅកាន់អនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវិញ្ញាណក្ខន្ធរបស់លោក គ្រីសស្យង់ ដេប៉ាលីយ៉ែរ និងសូមកោតសរសើរចំពោះ លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ដែលបានចាប់ផ្តើមបេសកកម្មមនុស្សធម៌នេះពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រនៅកម្ពុជា ហើយបានកសាងអង្គការមួយដែលបានផ្លាស់ប្តូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ភាពជោគជ័យនៃអង្គភាព/អង្គការ គឺការនៅតែបន្តដំណើរការនិងបន្តរីកចម្រើន ម្សិលមិញទៅ ស្វាយរៀង សំណូមពរគេកុំឲ្យហៅ តា នៅតែភ្លាត់គេហៅ…

