សុរន្ទកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីដូចគ្នានេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។ កាលនោះ យើងបញ្ចប់(ចែកបណ្ណកម្មសិទ្ធីដីធ្លីជូនប្រជាពលរដ្ឋ) ហើយថ្ងៃនេះនៅខេត្តកណ្ដាល។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លី ក្រោយពីការទន្ទឹង រង់ចាំអស់ជាច្រើនឆ្នាំ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ២] អម្បាញ់មិញ សួរពូ(ម្នាក់) បានបណ្ណហើយយកទៅណា។ ប្រើក្នុងគ្រួសារ ឬទុកឱ្យកូន? ឥឡូវយើងផ្ទេរដីធ្លីឱ្យកូន មិនមានជាប់ពន្ធទេ។ (គាត់ថា)ទុកសិនហើយ។ ទុកសម្រាប់តាយាយសិន។ កូនកុំទាន់អាល។ [ចប់សេចក្ដីអធិប្បាយ២] កម្មសិទ្ធិស្របច្បាប់លើដីធ្លីគឺជា «មូលដ្ឋាននៃជីវិត»…

