សេចក្តីអធិប្បាយ និងការបកស្រាយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការលើកមតិយោ​បល់ ពីអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី ការអនុវត្តកម្មវិធីជាតិគាំពារសង្គម

សូមគោរពសម្ដេចប្រធានសមាជ សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអង្គសមាជជាទីមេត្រី! អនុញ្ញាតឱ្យខ្ញុំសូមឆ្លើយ ពាក់ព័ន្ធនឹងការលើករបស់ឯកឧត្តម លោកជំទាវ ដែលបានចូលរួមមតិយោបល់ស្តីពីប្រ​ព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយក៏មានការចូលរួមពីខាងបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងខាងគោលនយោបាយដើម្បីបញ្ជាក់លម្អិត។ មុននឹងប្រគល់វេទិកានេះជូនខាងបច្ចេកទេសដើម្បីធ្វើការឆ្លើយតប ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ដែលបានចូលរួមនូវធាតុផ្សំ ការចាប់អារម្មណ៍ ការលើកទឹកចិត្តទៅដល់ការអនុវត្តនយោបាយ ក៏ដូចជាការផ្ដល់នូវធាតុផ្សំពាក់ព័ន្ធទៅនឹងចំណុចប្រឈមមួយចំនួន ដែលការអនុវត្តនេះ អាចយកទៅធ្វើការកែសម្រួលបាន។ គោលការណ៍អភិបាលកិច្ច ការផ្សព្វផ្សាយ ការពង្រីកវិសាលភាពគ្របដណ្ដប់ជាសកល ការពង្រឹងសេវា គឺជាប្រធានបទដែលបានលើកឡើង។ ក្នុងការលើកជាមតិយោបល់ពាក់ព័ន្ធទៅនឹងការផ្ដល់នូវគោលនយោបាយគាំពារសង្គមនេះ អនុញ្ញាតឱ្យខ្ញុំសូមបញ្ជាក់នូវចំណុចនេះជាសង្ខេបមួយចំនួន។ ទី១ ពាក់ព័ន្ធទៅនឹងអភិបាលកិច្ច។ ការ​ងារនេះ គឺជាស្នូលនៃគោលនយោបាយ តាំងពីគោលនយោបាយចតុកោណរហូតដល់បញ្ចកោណ។​ នៅក្នុងការអនុវត្តគោលនយោបាយ​គាំពារសង្គមនេះទៀតសោត ក៏ជាចំណុចស្នូលមួយរបស់យើង។ (១) អភិបាលកិច្ច ផ្ដោតទៅលើស្ថាប័ន​ និងយន្តការអនុវត្ត ការគ្រប់គ្រងថវិកា និងការផ្ដល់សេវា។ ហេតុនេះហើយ យើងរៀបចំយន្តការ៣កម្រិត គឺកម្រិតនយោបាយ កម្រិតនិយ័តករ និងកម្រិតប្រតិបត្តិករ ដើម្បីដើរតួនាទីពិនិត្យ រៀបចំគោលនយោ​បាយ កែសម្រួលគោលនយោបាយ រៀបចំការតាមដានត្រួតពិនិត្យវាយតម្លៃ និងការពិនិត្យទៅលើប្រសិទ្ធភាពនៅក្នុងការផ្ដល់សេវា។ រាជរដ្ឋាភិបាលបានខិតខំព្យាយាមដើម្បី(ធ្វើ)ឱ្យកិច្ចការទាំងអស់នេះកាន់តែប្រសើរឡើង។ យើងក៏ទទួលស្គាល់ថា គ្មានអ្វីល្អឥតខ្ចោះនោះទេ។…