កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែខ្លាំងក្លាថែមទៀត
(FN)៖ កម្ពុជា និងប៉ាគីស្ថាន បានបង្ហាញការប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការប្តេជ្ញាត្រូវបានធ្វើឡើងតាមរយៈជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ហ្គីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនោះ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសម្ដែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ លោកបានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ហើយប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយ ដែលបានទទួលស្គាល់ឯករាជ្យរបស់កម្ពុជាកាលពីឆ្នាំ១៩៥៣។ លោកប្រធានព្រឹទ្ធសភា ក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលកម្ពុជា និងប៉ាគីស្ថានមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ លោក ហ្គីឡានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្ដេចធិបតីមហាបវរធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោកប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់លោកប្រធានព្រឹទ្ធសភា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។…


