(សារលើហ្វេសប៊ុក) សារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និង បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និងស្រឡាញ់​ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមផ្ញើនូវសារមួយទៅកាន់បងប្អូនជនរួមជាតិ​ទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាម​ឈ្លាន​ពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យ​ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មាន​ប្រាថ្នា​អ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជា​ផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និង ចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង កិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន​ក្នុងគោលដៅ​ចង់រួម​រស់​ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង,…