ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ក្រុមហ៊ុនធំៗរបស់អាមេរិក ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត
ភ្នំពេញ ៖ ក្រុមហ៊ុនធំៗរបស់អាមេរិក បានប្តេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជាបន្ថែមទៀត។ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនោះ លោក Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។ លោក Ted Osius ក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចមហាបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វិនិយោគិន និងវិស័យឯកជន។ ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យទទួលបានជោគជ័យ…




