កម្ពុជា និងហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

FN ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនោះ សម្ដេចបវរធិបតី បានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់លោកប្រធានាធិបតី Marcos កាលពីខែកញ្ញាកន្លងទៅនេះ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណហ្វីលីពីន ដែលបានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីបានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្ររបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងក្លាយជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២៦ ខាងមុខនេះ។…