សេចក្ដីដកស្រង់ ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលនិងចែករំលែកព័ត៌មានខ្លះ អំពីកិច្ចការមួយចំនួនដែលរាជរដ្ឋាភិបាលបាន និងកំពុងព្យាយាមបន្តធ្វើ សម្រាប់អាយុជីវិត សុខទុក្ខ និងសេរីភាពរបស់បងប្អូនវីរៈកងទ័ព ១៨រូប កំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់កងទ័ពថៃ ជូនដល់ក្រុមគ្រួសារ

ថ្ងៃនេះ អ៊ំ ពូមីង បងប្អូន ត្រូវជាគ្រួសារយោធិនទាំង ១៨នាក់ ដែលជាប់ឃុំដោយកងទ័ពថៃ បានអញ្ជើញមកពីខេត្តឆ្ងាយទាំង៦។ ខ្ញុំសូមអរគុណណាស់ចំពោះលោកអ៊ំ ពូមី បងប្អូន និងតាមរយៈអ៊ំពូមីង បងប្អូន ក៏សូមអរគុណចំពោះវីរៈកងទ័ពរបស់យើងទាំង ១៨រូប ដែលបានបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានក្នុងការការពារទឹកដីរបស់យើង ក្នុងពេលប្រយុទ្ធកន្លងទៅ។ ថ្ងៃនេះ ជាថ្ងៃបិណ្ឌ១២។​ តាមពិត ថ្ងៃភ្ជុំបិណ្ឌជាថ្ងៃដែលជួបជុំគ្រួសារ។ កន្លងទៅ កងទ័ពរបស់យើងដែលបានប្រជុំជាមួយភាគីថៃនោះ ក៏បានយកចិត្តទុកដាក់ព្យាយាមស្នើសុំឱ្យមានការដោះលែងជាមនុស្សធម៌ ឱ្យបងប្អូន ១៨រូប បានត្រឡប់មកជួបជុំគ្រួសារ។ ប៉ុន្តែ មកដល់ពេលនេះ នៅមិនទាន់មានចម្លើយវិជ្ជមាននៅឡើយ។ ទោះជាយ៉ាងណា ក៏យើងនៅបន្តខិតខំ ដើម្បីរកវិធីឱ្យមានការដោះលែងឱ្យពួកគាត់មានសេរីភាពក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។ ខ្ញុំយល់ពីទឹកចិត្ត ការព្រួយបារម្ភចំពោះប្ដី ចំពោះកូន ចំពោះគូដណ្ដឹង ព្រោះតាមព័ត៌មាន (ក្នុងចំណោមនោះ)ក៏មានជាគូដណ្ដឹងមួយដែរ។ មានម្នាក់ជាគូដណ្ដឹង(របស់វីរៈកងទ័ពដែលបានចាប់ខ្លួន) នៅស្ទឹងត្រែង​។ ត្រូវចូលរៀបការថ្ងៃណា? ត្រូវរៀបការនៅក្នុងកំឡុងខែមករា ឬខែកុម្ភៈ(ឆ្នាំ២០២៦)នេះ។ យើងសង្ឃឹមថា (កងទ័ពយើង)នឹង(ត្រូវ)បាន(ដោះលែង)ក្នុងពេលឆាប់ៗខាងមុខ និងបើអាចទៅរួចសង្ឃឹមថានឹងអាចជួយកុំឱ្យលើកពេល ក្នុងការវិលត្រឡប់(មកជួបជុំ)គ្រួសារ និងគូដណ្ដឹងវិញ។ ខ្ញុំសូមរំលឹកបន្តិចអំពីសាវតារនៃឧបទ្ទវហេតុនៅថ្ងៃទី ២៩(កក្កដា កន្លងទៅ ដែលកើតហេតុការណ៍ចាប់ខ្លួនកើតឡើង)។ តាមដែលខ្ញុំចាំ…