សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចរាជធានី-ខេត្ត រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធឱ្យបានល្អ

(ហ្វេសប៊ុកសម្ដេចធិបតី)៖ សម្ដេចធិបតីបានសរសេរលើហ្វេសប៊ុកផ្ទាល់ នៅព្រឹកថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងថា៖ “នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។ សូ​មឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់​ រាជធានី-ខេត្ត​ និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យនៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាស សប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូនជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ!”