អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជរដ្ឋាភិបាលលើវិវាទព្រំដែនជាមួយថៃ
(FN)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីការចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជរដ្ឋាភិបាលលើវិវាទព្រំដែនជាមួយប្រទេសថៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មក បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ រួមមាន៖ * ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន៣លើក ទៅកាន់ក្រសួងការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជាមួយអង្គការអន្តរជាតិជាច្រើនលើក រួមទាំង អង្គការសហប្រជាជាតិ ជាដើម។ ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃចាន់…