សេចក្ដីរាយការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងបទអន្តរាគមន៍ ស្ដីពី «ប្រព័ន្ធគាំពារសង្គម»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរព ដ៏ខ្ពង់ខ្ពស់; ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល, សមាជិក–សមាជិកា នៃអង្គសមាជ, ជាទីមេត្រី! [ផ្ដើមសេចក្ដីអធិប្បាយពីបញ្ហាព្រំដែន] មុននឹងចូលដល់បទអន្តរាគមន៍របស់ខ្ញុំលើរបៀបវារៈទី១ ស្ដីពី ប្រព័ន្ធគាំពារសង្គម ខ្ញុំសូមអនុញ្ញាតពីសម្ដេចប្រធានសមាជ និងអង្គសមាជទាំងមូល ដើម្បីរាយការណ៍ខ្លីពាក់ព័ន្ធនឹងស្ថានភាពព្រំដែន ពិសេស នៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យ។…