សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធអន្តេវាសិកដ្ឋាន តេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ
ព្រះករុណា ខ្ញុំសូមក្រាបបង្គំទូលថ្វាយ៖ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករងទាំងពីរគណៈ, សម្តេចព្រះរាជាគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសប្រចាំកម្ពុជា គណៈអធិបតី និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីសោមនស្ស ដែលបានត្រឡប់មកកាន់វត្តស្វាយពពែសាជាថ្មី ក្រោយពីបានចូលរួមកម្មវិធីបញ្ចុះបឋមសីលាកសាង កាលពីឆ្នាំ២០២២ នូវអគារ៩ជាន់នេះ។ ហើយថ្ងៃនេះ ក៏បានចូលរួម ក្នុងព្រះរាជពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ និងសូមថ្លែងអំណរព្រះគុណ ប្រកបដោយសទ្ធាជ្រះថ្លា ហើយសូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅ ថ្វាយប្រគេនជូន សម្ដេចព្រះមហាសង្ឃរាជ, សម្តេចព្រះសង្ឃនាយក, សម្ដេចព្រះសង្ឃនាយករង, សម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, លោកសាស្រ្តាចារ្យ, លោកគ្រូអ្នកគ្រូ, សមណនិស្សិត-និស្សិត ចំពោះសមិទ្ធផលថ្មីៗ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលបន្តិចទៀត។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ ឯកឧត្តម…