សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ​រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជាមន្រ្តីរាជការ បុគ្គលិក កម្មករ កម្មការិនីនៅទីនេះ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់នៅទូទាំងប្រទេសនិងជនរួមជាតិជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាស  អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥». ហើយខ្ញុំក៏សូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករ និយោជិត និង និយោជក នៅទូទាំងប្រទេស ក្នុង ឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៥ នេះផងដែរ ។ ជារៀងរាល់ឆ្នាំ, បងប្អូនមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ តែងតែបានជួបជុំគ្នាដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនេះ ហើយការប្រារព្ធពិធីអបអរនៅទីនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយក៏ជាឱកាសដ៏ល្អ សម្រាប់ការមកចូលរួមជួបជុំរីករាយ និងការចូលរួមលើកទឹកចិត្តដល់បងប្អូនមន្ត្រីរាជការ, បុគ្គលិក,…