សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA CAMBODIA
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា និងរាជរដ្ឋាភិបាលលោកជំទាវ Bridgett Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជា–ណាចក្រកម្ពុជាលោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Groupគណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និង រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)»។ ការពង្រីកខ្សែចង្វាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor សហរដ្ឋអាមេរិក នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលបានវត្តមានថ្មីបន្ថែមរបស់ឧស្សាហកម្មធុនធ្ងន់ទំនើប ដែលបាន និងកំពុងចូលរួមបង្កើនឱកាសការងារ កំណើនបៀវត្ស, ការអភិវឌ្ឍធនធានមនុស្ស និង ការផ្ទេរបច្ចេកវិទ្យា ក្នុងការអនុវត្តការងារផ្ទាល់។ យោងតាមរបាយការណ៍របស់ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA…