សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥, ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះព្រហ្ម រតនមុនី ពិនសែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជាព្រះតេជព្រះគុណ ព្រះមេគុណខេត្តសៀមរាបទាំងពីរខណៈ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»ប្រកបដោយបរិយាកាសរីករាយ នាពេលនេះ ។ ឆ្នាំនេះ គឺជាការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តលើកទី ៧ សម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត លោកតាលោកយាយ អ៊ំពូមីង បងប្អូនទងទំាងអស់ នៅទីនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីឆន្ទៈស្រឡាញ់ និង គាំទ្រ ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលជាឱកាសមួយ សម្រាប់កម្ពុជាបង្ហាញពីវប្បធម៌, ប្រពៃណី…