សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ”
ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងអង្គពិធីជាទីមេត្រី ថ្ងៃនេះ ខ្ញុំជាសេចក្ដីរីករាយ ដែលបានមកចូលរួម នៅក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ” មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ បន្ទាប់ពីយើងបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីថ្ងៃនេះ យើងទើបតែប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុន្តែជាក់ស្ដែង យើងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន៖ (លើកទី ១) ដាក់ឱ្យប្រើប្រាស់ស្ពានអាកាសជាន់ទី ២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និង (លើកទី ២) ដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសជាន់ទី ១…