បទអន្ដរាគមន៍ និងសេចក្ដីអធិប្បាយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) គោលបំណងការធ្វើវិមជ្ឈការនិងវិសហមជ្ឈការគឺបង្កើនប្រសិទ្ធភាពផ្ដល់សេវាដល់ប្រជាពលរដ្ឋ សូមអរគុណ លោក ស៊ុន ពីង តំណាងអង្គការសម្ព័ន្ធភាពដៃគូរបស់រាជរដ្ឋាភិបាល ដែលជាតួអង្គមួយសំខាន់។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដៃគូ ទាំងដៃគូអភិវឌ្ឍន៍បរទេស ក៏ដូចជាដៃអភិវឌ្ឍក្នុងប្រទេស មានដូចជាអង្គការសង្គមស៊ីវិលចូលរួមក្នុងការគិត ដោះស្រាយ ពិភាក្សារកដំណោះស្រាយបន្ថែមទៀត ដើម្បីធានាឲ្យបានការបំរើប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសនៅមូលដ្ឋាន ដែលជាគោលការណ៍និងគោលបំណងសំខាន់នៃការធ្វើវិមជ្ឈការនិងវិសហមជ្ឈការ ដែលមានគោលដៅបង្កើនប្រសិទ្ធភាពផ្ដល់សេវាដល់ប្រជាពលរដ្ឋ។ យើងឈានទៅដល់ការបញ្ចប់ការចូលរួមមតិយោបល់ និងឈានទៅល់ការបូកសរុបចុងក្រោយតែម្ដង។ នៅក្នុងន័យនេះមុននឹងការចាប់ផ្ដើម ខ្ញុំសូមទាញចំណាប់អារម្មណ៍ឯកឧត្តមលោកជំទាវអស់ថា ថ្ងៃនេះ ៥៥ឆ្នាំមុន ចំថ្ងៃ ១៨ មីនា ១៩៧០ មានព្រឹត្ដិការណ៍សំខាន់មួយក្នុងប្រវត្ដិសាស្ដ្រ ដែលបានជំរុញប្រទេសឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម។ (២) ជាមួយដៃគូអភិវឌ្ឍជាតិនិងអន្ដរជាតិ រួមគ្នាពង្រឹងលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយចីរភាពនិងបរិយាបន្ន នោះជាថ្ងៃនៃ(ការ)ចាប់ផ្ដើមភាពមិនច្បាស់លាស់នៃអនាគតរបស់ប្រទេសជាតិ។ ថ្ងៃនេះ ៥៥ឆ្នំាក្រោយ យើងអង្គុយនៅទីនេះ ក្នុងសុខសន្ដិភាព ជជែកគ្នាពី(ការរិះរកវិធី)រួមគ្នាយ៉ាងម៉េចទៀត ដើម្បីបំរើប្រជាជនឲ្យកាន់តែល្អ។  ថ្ងៃនេះ គឺជាថ្ងៃនៃការពិភាក្សា។ ប្រសិនបើយើងប្រៀបធៀប ថ្ងៃដូចគ្នា ៥៥ឆ្នាំមុន( ១៨ មីនា ១៩៧០) និង៥៥ឆ្នាំក្រោយ គឺខុសគ្នាស្រលះ។ យើងកំពុងតែ(ដឹក)នាំប្រទេសប្រកបដោយភាពជឿជាក់ ច្បាស់លាស់ ក្នុងសុខសន្ដិភាព…