ជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

FN ៖ ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ជំនួបនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។  លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន, កសិកម្ម និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះ សម្ដេចបវរធិបតីជឿជាក់ថា តួនាទីរបស់ លោកស្រីអគ្គរដ្ឋទូត នឹង ចូលរួម ចំណែក បន្ថែម ទៀត ក្នុង ការ…