សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់
អរគុណសន្ដិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្ដិភាព និងការឯកភាពជាតិពេញលេញ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីរីករាយដែលបានមកចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់ នាពេលនេះ។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រងិល ស្រុកក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។ ហើយបើយើងក្រឡេកមើលពីអតីតកាល ទីនេះគឺជាព្រៃដែលគ្មានមនុស្សរស់នៅ ពិបាកធ្វើដំណើរខ្លាំងណាស់។ ប៉ុន្តែ ដោយការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (ហ៊ុន សែន) ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចកសាង និងអភិវឌ្ឍតំបន់នេះ ឱ្យក្លាយជាភូមិអភិវឌ្ឍមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង មានទាំងសាលារៀន អគារស្នាក់នៅសម្រាប់គ្រូបង្រៀន មណ្ឌលសុខភាព ដែលបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅទីនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) នយោបាយឈ្នះឈ្នះ បង្កើតបានសន្តិភាព ២៦ឆ្នាំមកហើយ ខ្ញុំគិតថា ពាក្យ “អរគុណសន្ដិភាព! អរគុណនយោបាយឈ្នះឈ្នះ!” ប្រើនៅទីនេះសក្តិសមបំផុត។ បើសិនជាគ្មានសន្តិភាពទេ តើក្នុងចំណោមអតីតយុទ្ធជន ៦២០នាក់នៅទីនេះ អាចមានប៉ុន្មាននាក់ដែលមិនអាចមានវត្តមាននៅទីនេះ?…