រាជរដ្ឋាភិបាលនឹងពង្រឹងការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ខណៈឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចកើនដល់ ១.៧៨ប៊ីលានដុល្លារ
FN ៖ ស្របពេលដែលសេដ្ឋកិច្ចឌីជីថលកម្ពុជា បាននិងកំពុងមានសន្ទុះ និងរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលនឹងគិតគូរលើការពង្រឹងការប្រមូលពន្ធលើសេវាកម្មឌីជីថល ខណៈឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប៉ាន់ស្មានថានឹងកើនឡើងដល់ ១.៧៨ ប៊ីលានដុល្លារ ។យោងតាមយុទ្ធសាស្ត្រកៀគេរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបញ្ជាក់ថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាក្នុងតំបន់ និងសកលលោក សេដ្ឋកិច្ចឌីជីថលកម្ពុជា បាននិង កំពុងតែមានសន្ទុះ និងរីកចម្រើនកាន់តែខ្លាំងឡើង ព្រមទាំងបានបង្កើតជាសកម្មភាពធុរកិច្ចថ្មីៗជាច្រើន តាមប្រព័ន្ធអេឡិចត្រូនិក។តាមការប៉ាន់ស្មានរបស់ក្រសួងពាណិជ្ជកម្ម តម្លៃទីផ្សារនៃពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលរួមបញ្ចូលទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border e-commerce) មានទំហំ ១.២៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣, ១.៥០ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ និង១.៧៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ការណ៍នេះ ទាមទារឱ្យមានការគិតគូរលើការអនុវត្តពន្ធលើសេវាកម្មឌីជីថល ដែលជាពន្ធលើប្រាក់ចំណូលសរុប ដែលទទួលបានពីសេវាកម្មឌីជីថលផ្សេងៗ មានជាដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល ការផ្តល់សេវាអន្តរការីឌីជីថល ដូចជាប្រតិបត្តិការទីផ្សារអនឡាញ និងការលក់ទិន្នន័យដែលប្រមូលពីអ្នកប្រើប្រាស់។ការអនុវត្តពន្ធលើសេវាកម្មឌីជីថល ត្រូវបានគិតគូរជាពិសេសលើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា និងផ្គត់ផ្គង់ពីក្រៅព្រះរាជាណាចក្រកម្ពុជាដល់និវាសនជនជា សហគ្រាស ក្នុងរបបស្វ័យប្រកាស ឬ/និងរូបវន្តបុគ្គលនៅកម្ពុជា…