បើកទំព័រដើមឆ្នាំថ្មី សម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
FN ៖ បើកទំព័រឆ្នាំថ្មី ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៨ ខែមករា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រៅពីប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាហើយនោះ ក្នុងជំនួបនេះ រដ្ឋមន្ត្រីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ និងការធ្វើពាណិជ្ជកម្ម មានដូចជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជំនួបនេះ នឹងពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជា។ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួលបានចំណូល ៤១៣លានដុល្លារអាមេរិក។…