សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» ដែលនេះជាលើកដំបូង ដែលយើងបានជួបជុំគ្នា ប្រារព្ធពិធីនេះឡើង បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច កាលពីខែមករា ឆ្នាំ២០២៤​ កន្លងទៅ ដោយកំណត់ជាផ្លូវការ យកថ្ងៃ ២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»។ ខ្ញុំពិតជាមានសេចក្តីរំភើបដោយបានឃើញ វត្តមានចូលរួម​យ៉ាងច្រើន​កុះករ ពីសំណាក់បងប្អូនជនរួមជាតិទាំងអស់ជាទស្សនិកជន ក៏ដូចជា ក្រុមកីឡាករ​ទាំងបួនក្រុម ដែលជាតំណាងចូលរួមពីគ្រប់វិស័យ ដោយមានទាំង ក្រុមយុវជន ស ស យ ក, ក្រុម-បាល់ទាត់តារាកម្ពុជា, និងក្រុមបាល់ទាត់គុនខ្មែរ ដែលបានឆ្លុះ​បញ្ចាំងយ៉ាងប្រត្យក្សឱ្យឃើញពីស្មារតីស្រឡាញ់​កីឡា និងការចូលរួមថែរក្សាសន្តិភាព ​នេះគឺបានរំលេចនូវអត្ថន័យ «កីឡារស់នៅក្រោមសន្តិភាព»។ បរិយាកាសដ៏អធិកអធម ជាមួយនឹងស្នាមញញឹមរបស់បងប្អូនជនរួមជាតិយើង​ទាំងអស់    នៅក្នុងពហុកីឡដ្ឋានមរតកតេជោនាឱកាសនេះ បានទាញអារម្មណ៍ខ្ញុំ ឱ្យត្រឡប់​ទៅរក​អនុស្សាវរីយ៍​ដែលមិនអាចបំភ្លេចបាន នៅពេលដែលយើង បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និង​ប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ទទួលបានជោគជ័យជាមហិមា និងការកោតសរសើរ​ស្ញប់ស្ញែងពី​គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ពិតណាស់ថា, ជោគជ័យរបស់​កម្ពុជាក្នុង​ព្រឹត្តិការណ៍​កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យ…