ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីក្រុមហ៊ុនថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% ខណៈក្រុមហ៊ុនត្រូវលុបឈ្មោះមានជាង ១២០០ក្រុមហ៊ុន

FN ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនបង្កើតថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមាន ១១ ៥០៦ក្រុមហ៊ុន។ បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការចុះបញ្ជីពាណិជ្ជកម្ម សម្រេចបានចំនួន៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន-១៧,១៧% ក្នុងនោះ ក្រុមហ៊ុនមូលធនចំនួន ៤ ៧២៥ កើនឡើង៨%, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ -១៦,៩២%, សហគ្រាសឯកបុគ្គលចំនួន៤៧៥០ ថយចុះ -៣២,៧៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន១។ ក្រៅពីការចុះបញ្ជីក្រុមហ៊ុនថ្មីហើយនោះ នៅរយៈពេល១១ខែមកនេះ ក្រសួងពាណិជ្ជកម្ម ក៏បានលុបឈ្មោះក្រុមហ៊ុ​នចំនួន ១២៨៤ក្រុមហ៊ុន ចេញពីបញ្ជីពាណិជ្ជកម្មផងដែរ​ ក្នុងនោះមានក្រុមហ៊ុនមូលធនចំនួន ១០៦២, ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ៣១ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គល ១៩១៕

ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ

FN ៖ ក្នុងរយៈពេល១១ខែ ​ឆ្នាំ២០២៤នេះ ​ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យ​ជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។ តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។ យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕