សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមេទ័ពជើងទឹកអាមេរិក ប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ឱ្យកាន់តែស៊ីជម្រៅ
FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេទ័ពជើងអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ព្រមទាំងប្រកាសលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ។ ក្នុងជំនួបនេះលោកមេបញ្ជាការ បានជម្រាបសម្តេចមហាបវរធិបតីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវាចម្បាំងរបស់អាមេរិក USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការ បានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ លោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។ ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចមហាបវរធិបតីជឿជាក់ថា…