សេចក្ដីអធិប្បាយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណ ពានរង្វាន់សម្ដេចធិបតី
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសជាតិ ព្រឹទ្ធាចារ្យ យុទ្ធគុនខ្មែរបុរាណ ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនី និងអង្គពិធីជាទីមេត្រី! (១) ការប្រកួតក្បាច់គុនខ្មែរចម្រុះមានការចូលរួមពីបងប្អូនកីឡាករ ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ ថ្ងៃនេះ ខ្ញុំមិនមានអ្វីច្រើនទេ។ បីថ្ងៃហើយ បងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ ទាំងគ្រប់គ្រងការប្រកួត។ តាមពិត ខ្ញុំអត់បាន(មក)មើលផ្ទាល់ទេ រហូតដល់ល្ងាចនេះ ប៉ុន្តែមើលជាប់តាម live។ ទៅដល់ឥណ្ឌូនេស៊ី ក៏អង្គុយមើលដែរ។ ឃើញថាការប្រកួត និងសំដែងក្នុងរយៈពេលបីថ្ងៃនេះបានរលូន។ ខ្ញុំសូមអរគុណ ចំពោះគណៈកម្មការរៀបចំ។ តាមពិត ការរៀបចំនេះ ប្រថុចញ៉ុច ដោយសារផែនការដំបូងគឺត្រៀមរៀបចំនៅឆ្នាំក្រោយ។ ប៉ុន្តែខ្ញុំថា ខ្ញុំស៊ីញ៉េច្រឡំទេ ធ្វើឆ្នាំហ្នឹងតែម្ដង ដើម្បីបានប្រមូលរៀបចំប្រកួតនេះ។ ក្នុងរយៈពេលដ៏ខ្លី គណៈកម្មការបានរៀបចំបានល្អ ប៉ុន្តែសំខាន់បំផុត គឺមានការចូលរួមយ៉ាងច្រើនកុះករអំពីបងប្អូនកីឡាករពីច្រើនសហព័ន្ធ ច្រើនអង្គភាព សរុបទៅដូចមាន ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ ផ្សេងៗ។ (២) មិនថាឈ្នះឬចាញ់ គោលដៅធំនៃការប្រកួតគឺគោរពស្រលាញ់ និងមិត្តភាព ឆ្នាំនេះ យើងប្រកួតបីថ្ងៃ…