សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល, អគារចំណត និងរោងជាង, និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម ឯកអគ្គរដ្ឋទូតតំណាងស្ថានទូតនានាប្រចាំកម្ពុជា,គណៈធិបតី ភ្ញៀវកិត្តិយស សាស្រ្តាចារ្យវេជ្ជសាស្រ្ត ក្រុមគ្រូពេទ្យ និស្សិតសុខាភិបាល និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «អគារមជ្ឈ​មណ្ឌលកណ្តាល, អគារចំណត និង រោងជាង, និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត» នាថ្ងៃនេះ ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុក​ដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត, ជាពិសេស ការដាក់ចេញនូវយន្តការគន្លឹះ, ការអភិវឌ្ឍមូលធនមនុស្ស, និង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និង កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់ រាជរដ្ឋាភិបាល ។ ជាក់ស្តែង, ការប្រកាសបើកការដ្ឋាននាពេលនេះ ឆ្លុះបញ្ចាំងនូវការរីកចម្រើនថែមមួយកម្រិតទៀត នៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្រ្តនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងយុគនៃបដិវត្តន៍ឧស្សាហកម្ម…