សេចក្ដីថ្លែងការណ៍ពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ស្ដីពី ”សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ជាទីសក្ការៈបងប្អូនជនរួមជាតិជាទីស្នេហា! ថ្ងៃនេះ​  ជាគម្រប់ខួបមួយឆ្នាំ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានចាប់បដិសន្ធិជាផ្លូវការ។  ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរព្រះគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហរទ័យ តែងតាំងរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន ​បានយ៉ាងល្អប្រសើរ ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល១២ខែកន្លងទៅនេះ។​ ចាប់តំាងពីថ្ងៃដំបូង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តកសាងសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ នូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល១២ខែកន្លងមកនេះ ក៏ដូចជាវិធានការ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុងស្រុក…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង “ពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ដែលជាព្រឹត្តិការណ៍ប្រកប​ដោយ​​មោទនភាព ទាំងសម្រាប់ប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិទំាងមូល។ ពិធីនេះជាសក្ខីភាពនៃការទទួលស្គាល់គុណ​តម្លៃដ៏ល្អឯក​នៃអត្តសញ្ញាណកេរដំណែលវប្បធម៌ និងប្រវតិ្តសាស្ត្រ​ ដែល​ដូនតាខ្មែរ​បាន​បន្សល់ទុក​ សម្រាប់​កូនចៅជំនាន់ក្រោយ ក៏ដូចជាសម្រាប់មនុស្សជាតិគ្រប់រូបនៅលើសកលលោក។ ខ្ញុំ​ពិតជាមានក្តីរំភើប ជាពិសេស ដោយសារថ្ងៃនេះ ក៏ជា​ថ្ងៃ​គម្រប់ខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។ វត្ថុបុរាណដែលយើងទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែល​មានតម្លៃពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។ ការទទួល បានវត្ថុបុរាណទំាងនេះ ក៏ជានិមិត្តរូបនៃការជួបជុំគ្នាឡើងវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលតែងស្ថិតនៅជាប់ជាមួយប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់កាលវេលា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា គឺជាមង្គលរបស់ជាតិ ដែលជួយប្រោះព្រំ និងព្យាបាលស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះឈឺចាប់ នៅ​ក្នុងអំឡុងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម នាពេលកន្លងមក។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១)…